ក្នុងរយៈពេលចុងក្រោយនេះ ពោល គឺនៅក្នុងអំឡុងពេលនៃការវាយលុកដោយសារតែជំងឺកូវីដ ១៩ គេសង្កេតឃើញ ថា អង្គការសង្គមស៊ីវិលធំៗនៅក្នុងប្រទេសកម្ពុជាបានចេញរបាយការណ៍ និងសេចក្តីថ្លែងការណ៍ផ្ទួនៗគ្នាយ៉ាងតិចមិនក្រោម១០របាយការណ៍ និងសេចក្តីថ្លែងការណ៍ឡើយ។ ភាគច្រើននៃរបាយការណ៍ និងសេចក្តីថ្លែងការណ៍ទាំងអស់នោះ គឺលើកឡើងពីការរំលោភសិទ្ធិមនុស្ស និងសេរីភាពនៅក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាច បានចោទចំៗថា ការចេញរបាយការណ៍ផ្ទួនៗគ្នាបែបនេះ គឺដើម្បីជំរុញឱ្យសហភាពអឺរ៉ុបដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAជាផ្លូវការនៅខែក្រោយនេះ និងមានការពាក់ព័ន្ធនឹងអតីតបក្សប្រឆាំង។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ និង អាដហុក បានបកស្រាយដូចគ្នាថា ការចេញរបាយការណ៍ជាបន្តបន្ទាប់ គឺមិនមែនជាការរៀបចំទុកនោះទេ ហើយក៏មិនមែនដូចការចោទប្រកាន់នោះដែរ។