ត្រឹមរយៈពេល១សប្តាហ៍ប៉ុណ្ណោះ យ៉ាងហោចណាស់ក៏មានមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធ២រូបដែរ ដែលបានបង្ហាញនូវភាពលេចធ្លោនូវសកម្មភាពល្មើសច្បាប់ និងបទបញ្ជាតឹងរឹងរបស់រដ្ឋាភិបាលនៅអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នោះគឺ លោកឧត្តមសេនីយ៍ទោ(ផ្កាយ២) អ៊ុង ចាន់ធួក ខាងនគរបាលជាតិ ដែលបាននាំគ្នាផឹកស៊ី រាំច្រៀងកាលពីថ្ងៃចូលឆ្នាំខ្មែរ និងម្នាក់ទៀតឧត្តមសេនីយ៍ផ្កាយ២ ដែរ ខាងយោធាឈ្មោះ ស៊ុំ ពៅ ដែលបានឆ្លៀតឱកាសលួចរត់ពន្ធជនជាតិចិនជិត៣០នាក់ពីភ្នំពេញ ទៅខេត្តស្វាយរៀងកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។ ឧទាហរណ៍ធំៗទាំង២ករណីនេះ បើទោះណាជាមិនតំណាងឲ្យភាពទូទៅនៃកងកម្លាំង ក៏ប៉ុន្តែវាជះឥទ្ធិពលមិនល្អដល់ការអនុវត្តច្បាប់ ជាពិសេសជាហេតុផលមួយដែលរុញឲ្យការងាររដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ មិនទទួលបានជោគជ័យ។