រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ផ្នែកខ្លះនៃបឹងតាមោកប្រគល់ឱ្យក្រសួង និងស្ថាប័នរបស់រដ្ឋនានា ដើម្បីសាងសង់ទីស្នាក់ការថ្មី និងអភិវឌ្ឍផ្សេងៗ។ បន្ថែមលើនេះ ផ្នែកខ្លះដទៃទៀតនៃបឹងធម្មជាតិនេះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ផ្តល់ឱ្យក្រុមហ៊ុនឯកជនផងដែរ។ អង្គការសង្គមស៊ីវិលនៅកម្ពុជាដែលបានតាមដាន និងឃ្លាំមើលពីបញ្ហានេះ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងពីអនាគតនៃបឹងតាមោក។ ពួកគេថា បឹងតាមោកដែលជាអាងស្តុកទឹកធំបំផុតរបស់រាជធានីភ្នំពេញ ពុំគួរត្រូវបានអភិវឌ្ឍបែបហ្នឹងឡើយ ផ្ទុយទៅវិញ គួររក្សាទុក ហើយអភិវឌ្ឍឱ្យមានសោភ័ណ្ឌភាព។ ប៉ុន្តែ រដ្ឋាភិបាលកម្ពុជាបានអះអាងថា ការសម្រេចអភិវឌ្ឍលើបឹងតាមោកនេះ គឺរដ្ឋាភិបាលបានគិតគូរ និងសិក្សាបានច្បាស់លាស់រួចរាល់ហើយ។