មួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកនឹងបន្តកាត់បឹងតាមោកដើម្បីអភិវឌ្ឍដើម្បីបម្រើប្រយោជន៍សាធារណៈអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គមនៅថ្ងៃបន្ទាប់ដែលត្រូវនឹងថ្ងៃទី២៣មករា បានលើកឡើងថា ពួកគេមិនជំនាស់នឹងគម្រោងចាក់ដីលុបបឹងដើម្បីអភិវឌ្ឍទេ តែរដ្ឋគួរទុកផ្នែកខ្លះសម្រាប់រំដោះទឹកលិចដែរ។ បន្ថែមលើនេះ រដ្ឋាភិបាលគួរបង្ហាញជាសាធារៈមកថា ផ្ទៃបឹងតាមោកលុបទាំងស្រុង ឬទុកផ្នែកមួយណាខ្លះសម្រាប់ស្តុកទឹកកខ្វក់។ បើទោះបីជាយ៉ាងណា លោក ហ៊ុន សែន បានចាត់ទុកការទិទៀន និងការរិះគន់លើរឿងលុបបឹងតាមោក ថាគ្រាន់តែជាទស្សនៈមនុស្សមួយចំនួន ដែលមិនអាចរំខានដល់ការអភិវឌ្ឍន៍របស់រដ្ឋបានឡើយ។ សូមជម្រាបជូនថា នៅរវាងឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលបានកាត់ផ្ទៃបឹងតាមោកសរុបជាង៥៨០ហិកតា ទៅឱ្យស្ថាប័នរដ្ឋ ដូចជា ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ សាលារាជធានីភ្នំពេញ សាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងក្រុមហ៊ុនឯកជនជាដើម។