កាលពីម្សិលមិញ រូបភាពនៃការប្រជ្រៀតគ្នាតម្រង់ជួរដើម្បីចាក់វ៉ាក់សាំងដូសទី២របស់ប្រជាពលរដ្ឋនៅតាមកន្លែងទទួលចាក់វ៉ាក់សាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានគេបង្ហោះ និងចែកចាយបន្តគ្នានៅតាមបណ្តាញសង្គមហ្វេសប៊ុក។ រូបភាពនេះ បង្កឱ្យមានការព្រួយបារម្ភពីហានិភ័យនៃការចម្លងជំងឺកូវីដ១៩នៅតាមកន្លែងវ៉ាក់សាំងទាំងនោះ ព្រោះមិនមានការរក្សាគម្លាតពីគ្នាឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះឡើយ។ អ្នកតាមដានសង្គមមួយចំនួនបានលើកឡើងថា បើនៅតែបែបនេះ ការទៅទទួលវ៉ាក់សាំង អាចត្រឡប់ទៅជាការទទួលជំងឺកូវីដ១៩មិនខានឡើយ។ ដូច្នេះហើយ ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តគម្លាតសុវត្ថិភាពដោយខ្លួនឯងឱ្យបានត្រឹមត្រូវ និងបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះបញ្ហានេះ។