ម្សិលមិញ តាមរយៈទំព័រហ្វេសប៊ុកលោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានលើកឡើងយកបញ្ហាការបាត់ខ្លួនសកម្មជនសិទ្ធិមនុស្សថៃលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិនៅក្នុងប្រទេសកម្ពុជាមកនិយាយសារជាថ្មីដោយបញ្ជាក់ថា ការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជានៅមានភាពខ្វះខាត។ ប៉ុន្តែ អាជ្ញាធរកម្ពុជាបានអះអាងថា ខ្លួនបានស៊ើបអង្កេត និងកំពុងបន្តតាមដានលើករណីនេះ។ ចំណែក អ្នកឃ្លាំមើលបញ្ហាសង្គម និង អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាវិញ បានលើកឡើងថា អាជ្ញាធរកម្ពុជាត្រូវតែស៊ើបអង្កេតរឿងនេះឱ្យបានច្បាស់លាស់ ដើម្បីលាងជម្រះការសង្ស័យផ្សេងៗ និង ការពារកិត្តិយសកម្ពុជា។