ថ្ងៃទី១៣ខែកុម្ភៈម្សិលមិញ គឺជាទិវាវិទ្យុពិភពលោកលើកទី១០។ សម្រាប់កម្ពុជា នៅឆ្នាំនេះ ការប្រារព្ធទិវានេះធ្វើឡើងក្រោមប្រធានបទ «នវានុវត្តន៍នៃវិទ្យុផ្សាយសំឡេងស្របតាមការវិវត្តនៃពិភពលោក»។ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈសារលិខិតកម្រាស់៤ទំព័រ លើកឡើងថា បេសកកម្មរបស់វិទ្យុ និយាយជារួម និងអ្នកសារព័ត៌មាន និយាយដោយឡែក គឺពិតជាមានសារសំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អ្នកធ្វើការខាងប្រព័ន្ធផ្សព្វផ្សាយបានឯកភាពចំពោះទស្សនៈនេះ តែថាវិទ្យុក្នុងស្រុកជាច្រើនត្រូវបានរឹតត្បិតសេរីភាពនៅមុនបោះឆ្នោត២០១៣។