ក្រសួងមហាផ្ទៃកម្ពុជាកាលពីដើមខែកក្កដានេះបានសម្រេចផ្ទេរសមត្ថកិច្ចជូនទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជាអ្នកពិនិត្យ សម្រេចផ្តល់សៀវភៅស្នាក់នៅ ទុតិយតាសៀវភៅស្នាក់នៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ការផ្លាស់ប្តូរទីលំនៅ និងរាល់ការកែតម្រូវទិន្នន័យក្នុងបញ្ជីស្នាក់នៅស្របតាមច្បាប់កំណត់។ កាលពីពេលកន្លងទៅ កិច្ចការងារនេះ គឺស្ថិតនៅក្នុងដៃអធិការនគរបាលក្រុង ស្រុក ខណ្ឌជាអ្នកធ្វើ។ អ្នកឃ្លាំមើលបញ្ហាសង្គម បានលើកឡើងថា ការសម្រេចនេះ ជារឿងក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពជាងមុន។ ប៉ុន្តែ បញ្ហាប្រឈម គឺសមត្ថភាពធ្វើការងាររបស់មន្រ្តីមូលដ្ឋាន និង តម្លាភាពក្នុងការធ្វើកិច្ចការងារដែលទាមទារឱ្យមានការតាមដានឱ្យបានត្រឹមត្រូវ។