រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យឈប់សម្រាកចាប់ពីថ្ងៃទី១៧ ខែសីហាដល់ថ្ងៃទី២១ ខែសីហា ជាការសងថ្ងៃឈប់សម្រាកកាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងខែមេសាកន្លងទៅ។ ប្រជាពលរដ្ឋ អ្នកធ្វើការ និងមន្រ្តីរាជការបានសម្រុកចេញទៅលេងកម្សាន្តនៅតាមទីរមនីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងវិស្សមកាលនេះ។ អ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនសូវយកចិត្តទុកដាក់ពីបញ្ហាជំងឺកូវីដ១៩នោះទេ ខណៈជំងឺនេះនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជាដែលជាករណីនាំចូល។