មន្ត្រីអង្គការសង្គមស៊ីវិលសំដែងការព្រួយបារម្ភចំពោះផលប៉ះពាល់នៃការអនុវត្តន៍ច្បាប់ទាក់ទងនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ខណៈដែលសេចក្តីព្រាងច្បាប់នេះត្រូវបានធ្វើឡើងជាការប្រញាប់។ ក្រុមមន្ត្រីអង្គការក្នុងស្រុកចង់ឲ្យរដ្ឋាភិបាលបើកឱកាសពិភាក្សាជាសាធារណៈដើម្បីទាញធាតុចូល ជៀសវាងនៅពេលអនុវត្តន៍ទៅបង្កផលប៉ះពាល់ខ្លាំងដល់ពលរដ្ឋដូចច្បាប់ចរាចរណ៍។ តែបើតាមក្រសួងយុត្តិធម៌កម្ពុជា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវរៀបចំធ្វើឡើងជាបន្ទាន់ ដើម្បីឱ្យការអនុវត្តចំណាត់ការទប់ស្កាត់ជំងឺកូវីដ១៩រឹតរឹងតែមានប្រសិទ្ធភាពខ្ពស់។