ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ កាលពីថ្ងៃសុក្របានចូលជួបសម្តែងការគួរសម និងជម្រាបលាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្រោយបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជារយៈពេល៤ឆ្នាំត្រូវបិទបញ្ចប់។ ក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ បានលើកឡើងពីប្រធានបទជាច្រើនមានដូចជាស្ថានភាពកូវីដ១៩ សុវត្ថិភាពផ្នែកសុខភាព រួមទាំងទំនាក់ទំនងការទូតរវាងកម្ពុជានិងបារាំង។ ទំនាក់ទំនងការទូតកម្ពុជានិងបារាំង ដែលអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិវាយតម្លៃថា កំពុងបន្តដើរលើមាគ៌ាបែបប្រពៃណី ដោយភាគច្រើនផ្តោតលើវិស័យវប្បធម៌ និងការអភិវឌ្ឍន៍ធនធានមនុស្ស។