ស្របពេលដែលកម្ពុជាកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ សហភាពអឺរ៉ុបតាមការកំណត់របស់ខ្លួនបានអនុវត្តការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះEBAពីប្រទេសកម្ពុជា។ ការណ៍នេះ ធ្វើឱ្យរដ្ឋាភិបាលកម្ពុជាត្រូវប្រឈមមុខនឹងបញ្ហាធំៗពីរក្នុងពេលតែមួយ។ អ្នកតាមដាន អ្នកប្រវត្តិសាស្រ្ត និង អ្នកជំនាញវិទ្យាសាស្រ្តនយោបាយនៅកម្ពុជា បានលើកឡើងដូចគ្នាថា កម្ពុជាត្រូវតែត្រៀមខ្លួនឱ្យបានល្អ ដើម្បីហែលឆ្លងកាត់នូវវិបត្តិទាំងពីរនេះ។ សម្រាប់ពួកគេ ការត្រៀមខ្លួននេះ គឺកម្ពុជាត្រូវពង្រឹងខ្លួនឯងឱ្យច្រើន អភិវឌ្ឍលើធនធានមនុស្ស ពង្រីកទីផ្សារខាងក្រៅបង្កើនផលិតកម្មក្នុងស្រុក និង ពង្រឹង និងពង្រីកទំនាក់ការបរទេសជាមួយប្រទេសនានាក្នុងតំបន់ និង ពិភពលោក។