នៅកម្ពុជា កសិករខ្នាតតូចមានចំនួនជិត៣លានគ្រួសារ ហើយជិត១លានគ្រួសារមានដីក្រោម១ហិកតា និងប្រមាណជាជិត៣០ម៉ឺនគ្រួសារមិនមានដីស្រែធ្វើកសិកម្មឡើយ។ នេះបើតាមការឲ្យដឹងរបស់លោកសុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងវេទិកាថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទកសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩ នៅថ្ងៃទី២១តុលា ម្សិលមិញ។ នៅចំពោះមុខកូវីដ១៩ អ្នកជំនាញរូបនេះជំរុញឲ្យកសិករខ្នាតតូចបង្វែរការធ្វើស្រូវ មកធ្វើកសិកម្មបែបកែច្នៃនិងដាំដំណាំផ្សេងៗដែលជាប្រភេទដំណាំបង្វិលសាច់ប្រាក់បានលឿន។ ការជម្រុញធ្វើឡើងបន្ទាប់ពីគេមើលឃើញថា នៅក្នុងស្ថានភាពកូវីដ១៩នេះកសិករខ្នាតតូចងាយប្រឈមហានិភ័យ។