សំណុំរឿងបាញ់សម្លាប់មនុស្សនៅតែជាបច្ចុប្បន្នភាពសម្រាប់សង្គមកម្ពុជា។ ការបាញ់សម្លាប់កើតឡើងគ្រប់រូបភាពមិនថា ក្នុងរង្វង់គ្រួសារ រវាងមន្ត្រី និងមន្ត្រី ហើយការប្រើប្រាស់ហិង្សាដោយអាវុធពីសំណាក់មន្ត្រីទៅលើពលរដ្ឋធម្មតាក៏បានកើតឡើងដែរ។ នេះគេនៅមិនទាន់រាប់បញ្ចូលការបាញ់បោះដោយសេរីនៅតាមទីសាធារណៈផង។ សង្គមស៊ីវិល អ្នកស្រាវជ្រាវ ជាដើម បានស្ដីបន្ទោសការអនុវត្តច្បាប់មានធូររលុងទើបនាំឲ្យការបាញ់សម្លាប់បន្តកើតឡើងបែបនេះ ហើយការអនុវត្តច្បាប់ធូរលុងនេះក៏បានធ្វើឲ្យបុគ្គលធម្មតាមានសិទ្ធិប្រើប្រាស់អាវុធបានដោយសេរីដែរ។ ក្រៅពីស្ដីបន្ទោសលើការអនុវត្តច្បាប់ អ្នកធ្វើការផ្នែកសីលធម៌ និងអ្នកអនុវត្តច្បាប់ឯណេះវិញ មើលឃើញថា មកពីមនុស្សធ្លាក់ចុះគុណធម៌ សីលធម៌ លែងស្គាល់អ្វីខុសអ្វីត្រូវ។