ទូទាំងប្រទេសកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ រាប់ចាប់តាំងពីព្រឹត្តការណ៍សហគមន៍២០កុម្ភៈផ្ទុះឡើងមក។ ព្រឹត្តការណ៍សហគមន៍២០កុម្ភៈដែលគិតមកដល់ពេលនេះ គឺអូសបន្លាយរយៈពេល៥ខែហើយ។ ជាក់ស្ដែង ខេត្តរតនគិរីនៅថ្ងៃទី១៩មិថុនា បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ចំនួនជាង១០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។ នេះគេនៅមិនទាន់រាប់បញ្ចូលខេត្តមួយចំនួនទៀតដែលបន្តរកឃើញអ្នកឆ្លងប្រចាំថ្ងៃជាប់មិនដាច់ផង។ អ្នកតាមដានសង្គមមើលឃើញថា ការគ្រប់គ្រងជំងឺកូវីដ១៩នៅតាមបណ្ដាខេត្តនីមួយៗមិនមានប្រសិទ្ធភាព បើធៀបនឹងការគ្រប់គ្រងជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញ។ បើតាមអ្នកតាមដានសង្គមដដែល រដ្ឋាភិបាលត្រូវធ្វើការងារច្រើនទៀតដើម្បីគ្រប់គ្រងជំងឺកូវីដនៅថ្នាក់ខេត្តប្រកបដោយប្រសិទ្ធភាព ដូចជា៖ ផ្ដល់កញ្ចប់ថវិកាដោយឡែកសម្រាប់ដំណើរការគ្រប់គ្រងជំងឺកូវីដ១៩ ពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យគោលដៅ និងបង្កើនល្បឿនចាក់វ៉ាក់សាំងជាដើម។