ទឹកជំនន់ឆ្នាំនេះគឺជាមេរៀនថ្មីមួយសម្រាប់រដ្ឋាភិបាលក្នុងការដកពិសោធន៍ពីការងារគ្រប់គ្រង់ធនធានទឹកឲ្យមានប្រសិទ្ធិភាព គឺធ្វើយ៉ាងណាកុំឲ្យនៅរដូវភ្លៀងកើតមានទឹកជំនន់លិចផ្ទះ ហើយបែរជានៅរដូវប្រាំងខ្វះទឹកប្រើប្រាស់ទៅវិញ។ ការលើកឡើងយ៉ាងដូច្នេះរបស់អ្នកវិភាគគឺសំដៅដល់ការស្នើរបស់ក្រសួងធនធានទឹក ដែលឲ្យអាជ្ញាធរគ្រប់ខេត្ត-រាជធានី ទប់ស្កាត់សកម្មភាពលុបបឹង ប្រឡាយ និងទន្លេ កន្លងមកនោះ ហាក់ដូចជាគ្មានប្រសិទ្ធិភាព។ ជាលទ្ធផលនៅពេលភ្លៀងខ្លាំងម្តងៗធ្វើឲ្យកើតទៅជាទឹកជំនន់ ខណៈកន្លែងស្តុកទឹកសំខាន់ៗជាច្រើនត្រូវបានលុបក្រោមរូបភាពអភិវឌ្ឍន៍។