គិតមកដល់ពេលនេះ អាជ្ញាធរមិនទាន់មានតម្រុយណាមួយនៃការបាត់ខ្លួនសកម្មជនប្រជាធិបតេយ្យថៃ លោកវ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ នៅឡើយទេ ខណៈដែលការស៊ើបអង្កេតលើករណីនេះ កំពុងតែបន្តធ្វើ។ អាជ្ញាធរកម្ពុជាបានចាប់ផ្តើមបើកការស៊ើបអង្កេតករណីបាត់ខ្លួននេះ បន្ទាប់ពីមានកំណត់ទូតស្នើសុំពីស្ថានទូតថៃប្រចាំនៅកម្ពុជា។ អ្នកវិភាគសង្គម និងនយោបាយ និង អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាបានចាត់ទុកករណីបាត់ខ្លួនសកម្មជនប្រជាធិបតេយ្យថៃនេះថា ជារឿងរសើបមួយ ព្រោះមានការយកចិត្តទុកដាក់ខ្លាំងទាំងនៅកម្ពុជា និង នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ ពួកគេក៏បានអះអាងថា អាជ្ញាធរកម្ពុជាត្រូវធ្វើការស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ដើម្បីលាងជម្រះមន្ទិលសង្ស័យពីមជ្ឈដ្ឋាននានា។