ជំនួបរវាង លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅទីក្រុងភ្នំពេញ កាលពីថ្ងៃពុធ ត្រូវបានប្រកាសឲ្យដឹងដោយភាគីកម្ពុជាថាជំនួបនេះទទួលបានលទ្ធផលជាវិជ្ជមានជាច្រើន។ អ្វីដែលជាការចាប់អារម្មណ៍នោះ គឺកម្ពុជាក្នុងនាមប្រធានអាស៊ាននៅឆ្នាំក្រោយ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅចុងឆ្នាំនេះ បានគាំទ្រដល់បំណងរបស់អង់គ្លេស ដែលចង់ក្លាយជាដៃគូសន្ទនារបស់អាស៊ាន ក្រោយប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប។ ក្រៅពីនេះ ភាគីទាំងពីរក៏បានជជែកពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ការបន្តអនុគ្រោះពន្ធ GSPពី អង់គ្លេស ដល់កម្ពុជា និងមានការឯកភាពបន្តធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធ ទាំងនៅក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ ក៏ប៉ុន្តែអ្នកវិភាគនយោបាយ និងសង្គមនានា មើលឃើញពីទិដ្ឋភាពនានានៃជំនួបនេះ លើសពីនេះ។