ម្សិលមិញនេះ សំណុំរឿងប្តឹងផ្តល់គ្នាទៅវិញទៅមករវាងឧកញ៉ាហេង សៀ និងកញ្ញា មាន ពេជ្ររីតាដែលជាពិធីការិនីស្ថានីយទូរទស្សន៍ MYTVបានធ្វើឱ្យកក្រើកបណ្តាញទំនាក់ទំនងសង្គម។ កញ្ញាមាន ពេជ្ររីតា បានប្តឹងឧកញ៉ាហេង សៀ ថាបានប៉ុនប៉ងរំលោភលើនាងនៅក្នុងរថយន្ត។ បណ្តឹងនេះ ធ្វើឡើងបន្ទាប់ពីឧកញ៉ារូបនេះបានប្តឹងកញ្ញាមាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរស័ព្ទ។ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់ច្រើនប្រភេទបានទាមទារឱ្យតុលាការក្រុងភ្នំពេញស្វែងរកយុត្តិធម៌ដល់ពិធីការិនីស្ថានីយទូរទស្សន៍ MYTV។ ចំណែក អង្គការសង្គមស៊ីវិលនៅកម្ពុជាខ្លះវិញក៏ដូច្នេះដែរ។ ពួកគេបានអះអាងថា បើសិនតុលាការដោះស្រាយបញ្ហានេះឱ្យមានយុត្តិធម៌ពិត នោះវានឹងក្លាយជាគំរូដល់ករណីផ្សេងៗទៀត។ ប៉ុន្តែក្រសួងយុត្តិធម៌បានប្រាប់ឱ្យសាធារណជនរក្សាភាពស្ងៀមស្ងាត់សិន ដោយទុកឱ្យតុលាការដោះស្រាយបញ្ហានេះ។