ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃចន្ទទី២វិច្ឆិកា ដើមសប្ដាហ៍នេះបានចេញសេចក្ដីណែនាំអំពីការចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានប័ណ្ណមូលនិធិសមធម៌។ លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌពីរផ្សេងទៀតនោះគឺ កម្មករនិយោជិតក្រៅប្រព័ន្ធត្រូវមានលិខិតបញ្ជាក់អំពីមុខរបរ និងលំនៅដ្ឋានបច្ចុប្បន្នដែលចេញដោយអាជ្ញាធររាជធានីខេត្ត។ ចំណុចនេះសង្គមស៊ីវិលយល់ថា ជា លក្ខខណ្ឌដ៏សែនលំបាកដែលពួកយល់ថា អ្នករើសអេតចាយ អ្នកសុំទាន អ្នករកស៊ីផ្លូវភេទ ជាដើមតើអ្នកណាអាចមានសិទ្ធចេញលិខិតបញ្ជាក់អំពីមុខរបរជូនគាត់បាន។ ដូច្នេះទើបសង្គមស៊ីវិលដដែលស្នើឲ្យក្រសួងការងារផ្ដល់ប័ណ្ណមូលនិធិសមធម៌ដល់អ្នកប្រកបរបរក្រៅប្រព័ន្ធដោយមិនចាំបាច់ភ្ជាប់លក្ខខណ្ឌឬកំណត់ឲ្យបានច្បាស់ក្រុមគោលដៅនៃកម្មករក្រៅប្រព័ន្ធ ដែលទទួលប័ណ្ណមូលនិធិសមធម៌នេះ។