ក្រសួងមហាផ្ទៃកម្ពុជាបានសម្រេចបញ្ចប់មុខតំណែងលោកអ៊ុក កុសលពីស្នងការខេត្តកំពង់ធំ បន្ទាប់ពីរូបលោកត្រូវបាននគរបាលនារីៗមួយចំនួនក្រោមឱវាទប្តឹងមកក្រសួងមហាផ្ទៃថាបានបៀតបៀនកេរ្តិ៍ខ្មាសលើពួកគេ។ បន្ថែមពីលើការបញ្ចប់មុខតំណែងនេះ ក្រសួងមហាផ្ទៃក៏បានស្នើទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ មកនៅត្រឹមស័ក្តិ៥ចំពោះលោកអ៊ុក កុសលផងដែរ។ ប៉ុន្តែ ក្រសួងមហាផ្ទៃមិនមានបំណងនឹងបញ្ជូនមន្រ្តីនគរបាលរូបនេះទៅកាត់ទោសបន្តនៅតុលាការចំពោះបទល្មើសរបស់ខ្លួននោះឡើយ។ អង្គការសង្គមស៊ីវិលនៅកម្ពុជាមិនអស់ចិត្តនឹងការសម្រេចបែបនេះទេ ដោយថា វាមិនយុត្តិធម៌សោះសម្រាប់នគរបាលនារីដែលជាជនរងគ្រោះ។ ពួកគេថា ករណីនេះមិនត្រូវបិទបញ្ចប់ត្រឹមនេះនោះឡើយ។