នៅក្នុងឆមាសទី១ឆ្នាំ២០២១នេះមានគណនីហ្វេសបុកចំនួន៦៦៥គណនី បានលើកយកបញ្ហាអសន្តិសុខសង្គម ផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា និងចន្លោះប្រហោងនៃការផ្ដល់សេវាសាធារណៈ ផ្ញើមកកាន់ទំព័រហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងនោះមានគណនី៤២៤ត្រូវបានក្រុមការងារលោក ស ខេង កំពុងពិនិត្យនិងដោះស្រាយ ហើយ២៥៩គណនីដោះស្រាយរួចរាល់ជូនប្រជាពលរដ្ឋ។ លោក ស ខេង ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ បន្តលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបលោកតាមរយៈទំព័រហ្វេសប៊ុក ហើយលោកនឹងទទួលពិនិត្យ និងដោះស្រាយដោយពុំមានការរើសអើងឡើយ ចំពោះរឿងហេតុដែលក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនស្វាគមន៍ចំពោះយន្តការដោះស្រាយបញ្ហាតាមប្រព័ន្ធបច្ចេកវិទ្យានេះលឿននិងបានបង្ហាញពីអសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិមួយចំនួន។ តែយ៉ាងណាក៏ដោយពួកគេស្នើឲ្យក្រសួងប្រើយន្តការដោះស្រាយបញ្ហាតាមហ្វេសបុកនិងយន្តការដោះស្រាយនៅនឹងកន្លែងមានឲ្យមានភាពស្មើគ្នា។