កម្ពុជាកំពុងរៀបចំបែបបទ បង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បន្ថែមពីលើគណៈកម្មាធិការសិទ្ធិមនុស្សដែលមានស្រាប់។ ភាពខុសគ្នារវាងគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា និងគណៈកម្មាធិការសិទ្ធិមនុស្សដែលកំពុងដំណើរការនៅត្រង់ថា គណៈកម្មាធិការសិទ្ធិមនុស្សបច្ចុប្បន្នជាស្ថាប័នមួយរបស់រដ្ឋាភិបាលស្ថិតក្រោមទីស្តីការគណៈរដ្ឋមន្រ្តី។ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការសិទ្ធិមនុស្សនេះរួមមាន៖ ប្រធាន អនុប្រធាន និង សមាជិក គឺកើតចេញពីការជ្រើសរើសរបស់រដ្ឋាភិបាល។ ចំណែកថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាវិញ គឺជាសាធារណជន ជាអ្នកដាក់ពាក្យសុំឈរឈ្មោះ ដោយរដ្ឋាភិបាល មិនមែនជាអ្នកជ្រើសរើសឡើយ ហើយជាស្ថាប័នសិទ្ធមនុស្សថ្នាក់ជាតិមួយឯករាជ្យមិនស្ថិតក្រោមចំណុះរបស់រដ្ឋាភិបាល។ ត្បិតតែមិនទាន់លេចចេញជារូបរាងក៏ពិតមែនតែអ្នកនយោបាយនិងសង្គមស៊ីវិលមួយចំនួនមានសង្ឃឹមតិចតួចថា ស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិមួយនេះមានឯករាជ្យភាពដូចគណៈកម្មាធិការជាតិសិទ្ធិមនុស្សរបស់ប្រទេសក្នុងតំបន់អាស៊ានមួយចំនួន។ បន្ថែមលើនេះពួកគេមើលឃើញថា វត្តមាននៃស្ថាប័នការពារសិទ្ធិមនុស្សថ្នាក់ជាតិមិនអាចធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សកម្ពុជាប្រសើរឡើងឡើយ។