គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីពេលថ្មីៗនេះបានបញ្ចេញទស្សនៈចង់ឱ្យរដ្ឋសភាកោះអញ្ជើញរដ្ឋាភិបាលកម្ពុជាទៅពិភាក្សាអំពីផែនការជាក់លាក់ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយវិបត្តិកូវីដ១៩មានស្ថានភាពធូរស្រាល។ គណបក្សនេះបានអះអាងថា ក្នុងកាលៈទេសៈនេះ វា គឺមានភាពចាំបាច់ដែលរដ្ឋសភា និងអ្នកតំណាងរាស្រ្តត្រូវបង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រជាពលរដ្ឋ។ អ្នកវិភាគនៅកម្ពុជាក៏មើលឃើញពីសារៈសំខាន់នេះដែរ ប៉ុន្តែបានលើកឡើងថា កិច្ចប្រជុំនេះអាចទៅរួច ឬមិនរួច គឺអាស្រ័យលើឆន្ទៈរបស់អ្នកនយោបាយ ពីព្រោះថា ទាំងរដ្ឋសភា និងរដ្ឋាភិបាល គឺចេញពីគណបក្សប្រជាជនកម្ពុជាតែមួយដូចគ្នា។