ពលរដ្ឋខ្មែរ ឬជនបរទេសទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ផលិតក្នុងប្រទេសចិនរួច អាចមានភាពងាយស្រួលក្នុងការស្នើសុំទិដ្ឋាការ ឬVisa ទៅកាន់ប្រទេសចិន។ នេះជាការប្រកាសរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដកស្រង់ផ្សាយដោយកាសែតខ្មែរ-ចិន កាលពីថ្ងៃអង្គារ។ ការប្រកាសដោយភ្ជាប់លក្ខខណ្ឌវ៉ាក់សាំងចិនដូចគ្នានេះ ក៏បានធ្វើឡើងផងដែរ ដោយតំណាងចិន នៅតាមបណ្តាប្រទេសមួយចំនួនទៀត។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា អ្នកតាមដានសង្គម និងនយោបាយនានា មើលឃើញផ្សេងៗគ្នា ថាជាការប្រកាសមួយដ៏វិជ្ជមានសម្រាប់អ្នករាប់អានចិន ហើយក៏ជាសារមួយបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ និងច្រើនយ៉ាង។