សេចក្តីព្រាងច្បាប់ ស្តីពី «បទល្មើសបច្ចេកវិទ្យាព័ត៌មាន» ឬ Cyber Crime Law កំពុងស្ថិតក្នុងដៃក្រសួងមហាផ្ទៃ បន្ទាប់ពីបានតាក់តែងតាំងឡើងពីឆ្នាំ២០១៦ និងមានការប្រជុំចំនួន៦៧លើករួចមក។ ច្បាប់នេះត្រូវបានតាក់តែងដោយសារតែវិស័យបច្ចេកវិទ្យាមានការរីកចំរើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើងដែរ។ នេះបើតាមមន្ត្រីរដ្ឋាភិបាល។ សម្រាប់មន្ត្រីសង្គមស៊ីវិល ដាក់ការព្រួយបារម្ភថា ច្បាប់នេះនឹងមានការរិតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាបន្ថែមទៀត។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលទាត់ចោលក្តីបារម្ភនេះ។