លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកWendy R. Sherman បានជួបជាមួយលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិលើកដំបូងនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាកាលពីសប្តាហ៍មុន។ ខុសពីមន្រ្តីទូតនានា លោក ស្រីWendy R. Sherman មិនបានទៅជួបលោកកឹម សុខា នៅផ្ទះរបស់លោកនោះទេ តែផ្ទុយទៅវិញ ពួកគេបានជួបគ្នាជាលក្ខណៈឯកជននៅនិវេសនដ្ឋានទូតអាមេរិកទៅវិញ។ ក្រោយជំនួបនេះ ទាំងលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក និងលោកកឹម សុខា មិនបានបង្ហាញឱ្យដឹងលម្អិតពីលទ្ធផលនៃការជជែកពិភាក្សារបស់ពួកគេឡើយ។ យ៉ាងណាក៏ដោយ ជំនួបនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជា។ ដូច្នេះ តើជំនួបនេះ អាចនឹងនាំឱ្យមានការប្រែប្រួលនយោបាយនៅកម្ពុជាដែរឬទេ?