របាយការណ៍ស្រាវជ្រាវមួយដែលផ្សព្វផ្សាយចេញដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលពីថ្ងៃអង្គារបានបង្ហាញថា ច្បាប់និងគោលនយោបាយរបស់កម្ពុជាបានផ្តល់ឱកាសតិចតួចបំផុតសម្រាប់ការចូលរួមរបស់សាធារណជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ជាតិ។ របាយការណ៍នោះ បានឱ្យពិន្ទុនៃការចូលរួមជាសាធារណៈរបស់កម្ពុជា គឺក្នុងកម្រិតទាប បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់។ ជាក់ស្តែង កាលពីឆ្នាំ២០១៥ កម្ពុជាទទួលបានពិន្ទុ៨ ហើយឆ្នាំ២០១៧បានធ្លាក់មកត្រឹម៤ពិន្ទុ ពោល គឺលើប្រទេសភូមាដែលមាន៦ពិន្ទុ នៅឆ្នាំ២០១៥ ហើយការចូលរួម០ពិន្ទុនៅឆ្នាំ២០១៧។ ប៉ុន្តែ ការចូលរួមជាសាធារណៈរបស់ប្រទេសហ្វីលីពីនវិញ មានកម្រិតខ្ពស់ជាងគេនៅក្នុងតំបន់ គឺ៦៧ពិន្ទុនៅឆ្នាំ២០១៥ និង៤១ពិន្ទុនៅឆ្នាំ២០១៧។ ដូច្នេះ តើហេតុអ្វីបានជាកម្ពុជាមានកម្រិតចូលរួមទាបជាងគេ? ហើយតើការចូលរួមរបស់សាធារណជនមានភាពចាំបាច់កម្រិតណានៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈថ្នាក់ជាតិ?