ចំណូលពន្ធគយនៅឆមាសទី១ ឆ្នាំ២០២១នេះ បានធ្លាក់ចុះជិត៩% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដោយសម្រេចបាន៤៩% នៃផែនការ។ ទន្ទឹមនឹងការព្យាករណ៍ជាវិជ្ជមានពីកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ និងក្នុងឆ្នាំ២០២២ អ្នកជំនាញផ្នែកសេដ្ឋកិច្ចខ្លះ មើលឃើញថា ការធ្លាក់ចុះនៃចំណូលពន្ធគយនេះ ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានព្យាករណ៍កាលពីថ្មីៗដោយរដ្ឋាភិបាលកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ ផ្ទុយពីការមើលឃើញរបស់អ្នកជំនាញ ក្រសួងសេដ្ឋកិច្ចអះអាងថា ចំណូលពន្ធគយសម្រេចបាន៤៩%នៃផែនការ គឺជាលទ្ធផលល្អ បើទោះបីកម្ពុជាកំពុងស្ថិតក្នុងបរិបទកូវីដ១៩។ ហើយការព្យាករណ៍កំណើនសេដ្ឋកិច្ចមិនមែនយកតែពីចំណូលរដ្ឋាភិបាលតែមួយមុខនោះទេ។