ម្សិលមិញ អាជ្ញាធរមូលដ្ឋានក្នុងសង្កាត់សិត្បូ ក្នុងស្រុកតាខ្មៅ និង ក្រសួងសុខាភិបាលកម្ពុជាបានអះអាងខុសគ្នាពីករណីស្រ្តីខ្មែរជាកងទ័ពមួកខៀវម្នាក់បានឆ្លងជំងឺកូវីដ១៩។ ចៅសង្កាត់សិត្បូ បានលើកឡើងថា មុនរកជំងឺកូវីដ១៩ ស្រ្តីខ្មែរម្នាក់នេះបានធ្វើចង្ហាន់ប្រគេនព្រះសង្ឃ មនុស្សចាស់ និងចែកលុយដល់ក្មេងៗថែមទៀត តែការលើកឡើងនេះត្រូវបានរដ្ឋបាលខេត្តកណ្តាលមកទាត់ចោលដោយថា គ្មានប្រភពច្បាស់លាស់។ ការចេញមកទាត់ចោលនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលបានច្រានចោលព័ត៌មាននេះ ដោយលើកបញ្រ្ជាសមកវិញថា ស្រ្តីរូបនេះមិនបានជួបអ្នកណាផ្សេងក្រៅពីសមាជិកគ្រួសារនោះឡើយក្នុងអំឡុងពេលធ្វើចត្តាឡីស័ក្តនៅក្នុងផ្ទះ។ តែទោះយ៉ាងណាក៏ដោយ ការធ្វើចត្តាឡីស័ក្តនៅផ្ទះរបស់ស្រ្តីរូបនេះបានប៉ះពាល់ដោយផ្ទាល់ជាមួយសមាជិកគ្រួសារ៤នាក់ ហើយពួកគេក៏ត្រូវបាននាំទៅពិនិត្យរកជំងឺកូវីដ១៩ និង ដាក់តាមដាននៅមណ្ឌលចត្តាឡីស័ក្ត។ ដូច្នេះ តើគួរបញ្ឈប់ការធ្វើចត្តាឡីស័ក្តនៅផ្ទះដែរឬទេ ដើម្បីបញ្ជៀសហានិភ័យនៃការចម្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍?