លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសដោយបើកចំហថា ប្រទេសកម្ពុជាចាំបាច់ត្រូវយកប្រទេសចិនធ្វើជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ព្រោះក្រៅពីចិនមិនដឹងទៅពឹងនរណានោះឡើយ ខណៈប្រទេសខ្លះ បានតែសន្យា។ រហូតមកទល់ពេលនេះ ប្រទេសកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងទៅលើពលរដ្ឋជាង ៤លាននាក់(ជាង៤០%) ក្នុងចំណោមគោលដៅដែលត្រូវចាក់សរុប ១០លាននាក់។ គឺជាការចាក់វ៉ាក់សាំង ដែលមានល្បឿនលឿន ធៀបទៅនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀត។ ជុំវិញបញ្ហានេះ អ្នកវិភាគមើលឃើញថា មានជាប់ពាក់ព័ន្ធនឹងកត្តាពីរសំខាន់ គឺកត្តានយោបាយ និងកត្តាវាងវៃរបស់រដ្ឋាភិបាល ក្នុងការចរចាទិញវ៉ាក់សាំង។