ក្រោយពីចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩របស់អង់គ្លេស លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីម្សិលមិញបានឆ្លើយតបទៅនឹងការនិន្ទា និងការវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាដែលប្រើប្រាស់វ៉ាក់សាំងចិនចាក់ឱ្យប្រជាពលរដ្ឋ។ លោកនាយករដ្ឋមន្រ្តី បានចាត់ទុកការនិន្ទា និងវាយប្រហារនេះថា គឺជានយោបាយប្រឆាំងនឹងចិនផ្គាប់មុខតែម្តង។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំងបានបដិសេធថា ការរិះគន់របស់ពួកគេពីបញ្ហាវ៉ាក់សាំងចិននេះ គឺមិនមែនជាការប្រឆាំងចិនផ្កាប់មុខនោះទេ តែជាការចង់ឱ្យប្រជាពលរដ្ឋកម្ពុជាចាក់វ៉ាក់សាំងណាដែលទទួលស្គាល់ពីអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ ចំណែក អ្នកតាមដាន និងវិភាគបញ្ហានយោបាយនៅកម្ពុជាវិញបានមើលឃើញខុសគ្នាដោយខ្លះថា ជារឿងនយោបាយ និងខ្លះទៀតថា ជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ។