ចុងក្រោយនេះ មានគណបក្សនយោបាយមួយចំនួនបន្ថែមទៀតបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីត្រៀមចូលរួមការបោះឆ្នោតឃុំសង្កាត់នៅក្នុងឆ្នាំ២០២២ និងជ្រើសរើសតំណាងរាស្រ្តនៅក្នុងឆ្នាំ២០២៣។ គណបក្សនយោបាយថ្មីទាំងនេះ គឺបង្កើតឡើងដោយមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ។ ក្រសួងមហាផ្ទៃកម្ពុជាបានអះអាងថា ការបង្កើតគណបក្សនយោបាយច្រើនបែបនេះ គឺបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯអ្នកវិភាគនយោបាយខ្លះក៏មើលឃើញបែបនេះដែរ ។ ក៏ប៉ុន្តែ ពួកគេអះអាងថា នៅពេលមានគណបក្សនយោបាយច្រើន តែមិនមានគណបក្សណាមួយអាចប្រជែងជាមួយគណបក្សកាន់អំណាចបាន នោះគុណភាពលទ្ធិប្រជាធិបតេយ្យក៏ទៅតាមនោះផងដែរ។