ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ នៅប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអាក្រក់ទៅៗ។ បើទោះណាជារដ្ឋាភិបាល បានប្រឹងប្រែងរិះរកមធ្យោបាយទប់ស្កាត់ និងកាត់បន្ថយយ៉ាងណាក៏ដោយ ក៏ស្ថានភាពនេះធ្វើឲ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋទូទៅផងដែរ។ ជុំវិញបញ្ហានេះ អ្នកនយោបាយនៃគណបក្សនានា និងអង្គការសង្គមស៊ីវិលមើលឃើញខុសៗគ្នា ពីផលប៉ះពាល់ជាអវិជ្ជមានដល់ការបោះឆ្នោតធំៗនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ ទោះយ៉ាងណា មិនមានការអះអាងណាមួយបង្ហាញថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជះឥទ្ធិពលកំរិតណាដល់ការរៀបចំការបោះឆ្នោតខាងមុខ។