រដ្ឋាភិបាលកម្ពុជាកាលពីខែមេសា កន្លងទៅ បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។ ក្រុមការងារនេះ មានភារកិច្ចសិក្សាស្រាវជ្រាវ ផ្តួចផ្តើមក្នុងការបង្កើតលិខិតបទដ្ឋានគតិយុត្តនានា សិក្សាស្រាវជ្រាវច្បាប់ ដើម្បីជាធាតុចូល សិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម រៀបចំបែបបទ និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ាក៏ដូចជាការស្នើសុំផ្តល់គោរមងារឧកញ៉ា អ្នកឧកញ៉ា និងការដកហូតគោរមងារឧកញ៉ាជាដើម។ ទាក់ទងទៅនឹងការបង្កើតឲ្យមានលិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនៃការគ្រប់គ្រងឧកញ៉ានេះ អ្នកតាមដានសង្គមនានាមើលឃើញថាជាការល្អ ដើម្បីលើកតម្លៃ និងកិត្តិយសឧកញ៉ាពិតប្រាកដ។