ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពក្រុមការងាររបស់ខ្លួន លើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេស និងតំបន់ចំនួន៨។ ការប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោករបស់កម្ពុជាដូច្នេះ គឺក្នុងគោលបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។ ជុំវិញបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជានានាមើលឃើញថា នឹងមានភាពវិជ្ជមានច្រើនជាងអវិជ្ជមាន បើទោះណាជាកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ។