រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាមការបញ្ជារបស់នាយករដ្ឋមន្ត្រី នៅថ្ងៃម្សិលមិញ បានចេញលិខិតជូនដំណឹងទៅប្រធានក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ឲ្យពន្លឿនបញ្ចប់ការស្រង់ស្ថិតិពលរដ្ឋក្រីក្រ និងអ្នករងគ្រោះដោយសារជំងឺកូវីដ១៩នៅដំណាច់ខែនេះ សម្រាប់តំបន់ជនបទ ។ ចំណែកតំបន់ប្រជុំជនត្រូវបញ្ចប់ការស្រង់ស្ថិតិនៅដំណាច់ខែមិថុនាខាងមុខ។ ចំណាត់ការនេះត្រូវបានស្វាគមន៍ពីក្រុមអ្នកតាមដានសង្គមនៅក្រៅរដ្ឋាភិបាល ប៉ុន្តែពួកគេចង់ឃើញការស្រង់ស្ថិតិជនក្រីក្រ និងអ្នករងគ្រោះដោយកូវីដ១៩នោះ ធ្វើឡើងដោយមានតម្លាភាព និងឆាប់រហ័ស។