ម្សិលមិញ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា។ សម្រាប់ថ្នាក់ពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមអបអរសាទរទិវានេះដោយបានលើកឡើងពីសារសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានចំពោះការរាយការណ៍ព័ត៌មាននៅក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩។ ប៉ុន្តែ លោកក៏បានបង្ហាញពីបញ្ហាប្រឈមដែលកើតមានដដែលៗទៅលើអ្នកសារព័ត៌មានក្នុងពេលអនុវត្តការងាររបស់ខ្លួនផងដែរ។ ដោយឡែក នៅកម្ពុជាឯណោះវិញ ក៏ដូចជារៀងរាល់ឆ្នាំដែរ នៅឆ្នាំនេះ ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ។ បន្ថែមពីនេះ ក៏មានអង្គការ សមាគមការពារអ្នកសារព័ត៌មាន និងសង្គមស៊ីវិលមួយចំនួនចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា។ ក៏ប៉ុន្តែចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជាវិញ អង្គការ និងសមាគមទាំងនោះមើលឃើញមិនដូចគ្នានោះឡើយ។