សេដ្ឋកិច្ចកម្ពុជាត្រូវបានធនាគារពិភពលោក(World Bank) ព្យាករកាលពីម្សិលមិញថា កំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយនឹងកំណើនជិត ៤% ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១% ក្នុងឆ្នាំ២០២០។ ការព្យាករណ៍របស់ World Bank គឺប្រហាក់ប្រហែលគ្នានឹងការរំពឹងទុករបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីពេលថ្មីនេះ គឺនៅក្នុងរង្វង់ ៤%។ យ៉ាងណាក្តី ធនាគារពិភពលោកយល់ថា ការរើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេ នៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ-១៩។