គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយបានសម្រេចគ្នាបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ។ មកដល់ពេលនេះ សម្ព័ន្ធភាពនេះ មិនទាន់ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយទេ។ ប្រធានសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរបានអះអាងថា សម្ព័ន្ធភាពនេះ គឺចូលរួមជួយលើកកម្ពស់ប្រជាធិបតេយ្យ និង ផ្តល់ផលប្រយោជន៍ដល់សង្គមកម្ពុជា។ ក៏ប៉ុន្តែ អតីតបក្សប្រឆាំង និងអ្នកវិភាគនយោបាយនៅកម្ពុជាហាក់មើលមិនឃើញដូច្នេះឡើយ ដោយហេតុតែសម្ព័ន្ធនេះកើតចេញពីគណបក្សនយោបាយដែលមិនទាន់មានឈ្មោះបោះសំឡេងខ្លាំងនៅឆាកនយោបាយកម្ពុជា។