មួយរយៈចុងក្រោយនេះ អត្រាឆ្លងជំងឺកូវីដ១៩ថ្មីនៅក្នុងរាជធានីភ្នំពេញដែលជាតំបន់ប្រឈមហានិភ័យខ្លាំងបានថយចុះគួរឱ្យកត់សម្គាល់។ ប៉ុន្តែ ចំនួនឆ្លងបែរជាទៅកើនឡើងនៅតាមបណ្តាខេត្តនានាទៅវិញ ហើយភាគច្រើន គឺអ្នកនៅរាជធានីភ្នំពេញនាំជំងឺកូវីដ១៩នេះទៅចម្លងទៅអ្នករស់នៅតាមខេត្ត។ អ្នកតាមដានបញ្ហាសង្គមបានសម្តែងការព្រួយបារម្ភពីស្ថានភាពនេះ និងថា អាជ្ញាធរខេត្តនីមួយៗត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់មែនទែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ។ ចំណែក ក្រសួងយុត្តិធម៌បានអះអាងថា រដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់រួចរាល់ហើយដើម្បីឱ្យអាជ្ញាធរខេត្តយកទៅអនុវត្ត។ ប៉ុន្តែ ក្រសួងយុត្តិធម៌ក៏អះអាងដែរថា ការខិតខំតែអាជ្ញាធរតែម្ខាង គឺមិនមានប្រសិទ្ធភាពពេញលេញទេ ពោល គឺត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។