មន្ត្រីជាន់ខ្ពស់ការបរទេសរបស់សហរដ្ឋអាមេរិក គឺលោកស្រី Wendy R. Sherman គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជាចន្លោះថ្ងៃទី២៥ ខែឧសភា និងថ្ងៃទី០៤ ខែមិថុនាខាងមុខនេះដោយនឹងមានជំនួបមួយចំនួនជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា។ នេះ គឺជាទស្សនៈកិច្ចជាលើកដំបូងរបស់លោកស្រីមកកាន់តំបន់អាស៊ីអាគ្នេយ៍ និងនៅកម្ពុជា។ អ្នកវិភាគស្ថានការនយោបាយបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺក្នុងគោលបំណងសំខាន់ដោះស្រាយបញ្ហានៅភូមា ហើយសម្រាប់កម្ពុជា គឺនឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានភាពល្អប្រសើរឡើងបន្ថែមទៀត។ ចំណែក អ្នកធ្វើការងារខាងសិទ្ធិមនុស្សវិញយល់ថា លោកស្រី Wendy R. Sherman គួរតែលើកបញ្ហានយោបាយ និងសិទ្ធិមនុស្សទៅនិយាយជាមួយរដ្ឋាភិបាលកម្ពុជា។