ម្សិលមិញ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសបើកយុទ្ធនាការថ្មីក្រោមប្រធានបទថា«រួមគ្នាទទួលខុសត្រូវទប់ ស្កាត់ការចម្លងវីរុសកូវីដ១៩» ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកបានអះអាងថា វិធានការនេះនឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងបានលើការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បើសិនមានការចូលរួមស្មើដៃរវាងអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ។ ចំណែក អ្នកតាមដាន និងឃ្លាំមើលវិញក៏យល់ស្របដែរ ប៉ុន្តែពួកគេទាមទារឱ្យមានការអនុវត្តឱ្យបានត្រឹមត្រូវ ទើបអាចមានប្រសិទ្ធភាពទៅតាមការចង់បានរបស់ក្រសួងសុខាភិបាលកម្ពុជា។