អ្នកធ្វើការផ្នែកកសិកម្ម និងសង្គមស៊ីវិលធ្វើការពាក់ព័ន្ធវិវាទដីធ្លីនៅកម្ពុជា ស្វាគមន៍ចំពោះការជម្រុញរបស់លោក ស ខេង ឲ្យគ្រប់អភិបាលខេត្តពន្លឿនការដោះស្រាយវិវាទដីធ្លី ឲ្យបានមុនការបោះឆ្នោតឃុំឆ្នាំ២០២២។ សម្រាប់ពួកគេដំណោះស្រាយលឿនលើសំណុំរឿងដីធ្លី ទាន់សភាពការណ៍ជាផ្នែកមួយជួយបង្កើនប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចមុនការបោះឆ្នោត។ តែបើបណ្ដែតបណ្ដោយបញ្ហាដីធ្លីនឹងទាញទម្លាក់ប្រជាប្រិយភាពបក្សមិនថា ការបោះឆ្នោតនាពេលខាងមុខមានឬគ្មានវត្តមានបក្សប្រឆាំងក៏ដោយ។ បន្ថែមលើនេះ សង្គមស៊ីវិលនិងអ្នកធ្វើការផ្នែកកសិកម្មដដែល ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់កម្លាំងបាញ់ប្រហារទៅលើប្រជាពលរដ្ឋអំឡុងពេលតវ៉ាលើសំណុំរឿងដីធ្លី ព្រោះរូបភាពនេះបានក្លាយជាការរំលោភសិទ្ធិមនុស្ស នៅក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។