មួយថ្ងៃមុនការជំនុំជម្រះសំណុំរឿងទម្លាក់ពីតំណែងនៅព្រឹទ្ធសភា, លោក ដូណាល់ ត្រាំ ពីអង្គារទី៤កុម្ភៈ បានថ្លែងសារទៅកាន់ប្រជាជាតិ ពីការរីកចម្រើនសេដ្ឋកិច្ចនិងការជឿនលឿនរបស់អាមេរិក ដ៏អស្ចារ្យមិនធ្លាប់ជួបនៅក្រោមការដឹកនាំរបស់លោក។ ការថ្លែងសារនេះក៏ស្ថិតនៅក្នុងទម្រង់នៃការឃោសនារកសំឡេងឆ្នោតបន្ថែម ដើម្បីឈ្នះឆ្នោតកាន់អំណាចប្រធានាធិបតីជាថ្មី។ នៅចំពោះមុខសមាជិកសភា លោកដូណាល់ ត្រាំ ស្រាប់តែប្រកាសស្រេចឱ្យហើយថា លោកនឹងកាន់អំណាចបួនឆ្នាំទៀត!
ទោះយ៉ាងនេះក្តី នៅក្នុងរដ្ឋសភាសហព័ន្ធនេះ គឺមានការផ្ទុះសញ្ញាណបែកបែកគ្នាជាខ្លាំង រវាងក្រុមដឹកនាំបក្សនយោបាយធំៗទាំងពីររបស់អាមេរិក។ ឧប្បត្តិហេតុនេះ កើតឡើងនៅពេលដែលលោក ដូណាល់ត្រាំ បានធ្វើព្រងើយកន្តើយ មិនព្រមទទួលការគោរពចាប់ដៃស្វាគមន៍របស់អ្នកស្រីប្រធានសភា ដែលមកពីបក្សប្រជាធិបតេយ្យ ជាបក្សប្រឆាំង ហើយជាការសងសឹកភ្លាមៗ អ្នកស្រី Nancy Pelosi ក៏បានហែកក្រដាសសុន្ទរកថារបស់លោកប្រធានាធិបតី ត្រាំ នៅចំពោះមុខ ទាំងដឹងថាកំពុងតែមានគេថតផ្សាយផ្ទាល់ទៀតផង។