សន្និសីទអាកាសធាតុ COP27 ដែលធ្វើនៅទីក្រុងមាត់សមុទ្រ Charm el-Cheikh ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមបើកទ្វារ កាលពីថ្ងៃអាទិត្យទី៦វិច្ឆិកា ។ ថ្ងៃចន្ទនេះ គឺជាថ្ងៃចាប់ផ្តើមនៃការថ្លែងសុន្ទរកថា របស់ថ្នាក់ដឹកនាំប្រទេសទាំងអស់ មុននឹងឈានទៅដល់ការប្រជុំជជែកពិភាក្សាគ្នា លើចំណុចសំខាន់ៗជាច្រើន ក្នុងសំណុំរឿងអាកាសធាតុនេះ។ យោងតាមរបាយការណ៍ជំនាញ សីតុណ្ហភាពរបស់ផែនដីយើង បានកើនឡើងកំដៅយ៉ាងរហ័ស នាប្រមាណ១០ឆ្នាំចុងក្រោយនេះ ខណៈដែលការប្រឹងប្រែងក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅមិនទាន់គ្រប់គ្រាន់ទាល់តែសោះ។ ផែនដីឡើងកំដៅ បានធ្វើឲ្យប្រែប្រួលក្រឡាប់ចាក់ទាំងស្រុង ដល់ប្រព័ន្ធអាកាសធាតុ និងបានបង្កឲ្យមានវិនាសកម្មគ្រោះធម្មជាតិកាចសាហាវ កាន់តែខ្លាំងឡើង។