យោងតាមគេហទំព័រផ្លូវការរបស់ គណៈកម្មការសហភាពអឺរ៉ុប អត្រាអ្នកគ្មានការងារធ្វើបានកើនឡើងនៅតំបន់អឺរ៉ុប ប្រឈមនឹងវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។ ផ្អែកតាមការសិក្សាថ្មីៗចុងក្រោយ គេរំពឹងថា អត្រាអ្នកគ្មានការងារនៅអឺរ៉ុបនឹងបន្ដកើតមានឡើង ទោះបីជាមានវិធានការណ៍គាំទ្រនានារបស់រដ្ឋាភិបាល ឬក៏ការងើបឡើងវិញនៃសេដ្ឋកិច្ចអឺរ៉ុបក៏ដោយ។ នាពេលបច្ចុប្បន្ន បណ្ដាប្រទេសអឺរ៉ុបស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកចាក់វ៉ាក់សាំងច្រើនជាងគេ ហើយវ៉ាក់សាំងទំនងអាចធ្វើឱ្យស្ថានភាពប្រសើរបន្ដិច ក៏ប៉ុន្តែវាមិនអាចធ្វើឱ្យស្ថានភាពការងារនៅអឺរ៉ុប ត្រលប់មករកភាពប្រក្រតី ដូចស្ថានភាពពីមុនវិបត្តិ ក្នុងពេលឆាប់ៗនោះទេ។