គ្រោះមហន្តរាយទឹកជំនន់ នៅប្រទេសប៉ាគីស្ថាន កាលពីសប្តាហ៍កន្លងទៅនេះ បានផ្តាច់ជីវិតមនុស្សជាង១ពាន់នាក់ និងបានរុញច្រានប្រជាជនជាច្រើនលាននាក់ ឲ្យរស់នៅក្នុងស្ថានភាពដ៏លំបាកជាទីបំផុត។ កង្វះចំណីអាហារ កត្តាអនាម័យសុខភាព កំពុងតែបង្កការលំបាកទៅលើប្រជាជនប៉ាគីស្ថាន ដែលមានជីវភាពក្រីក្រខ្លាំងស្រាប់ទៅហើយ។ យ៉ាងហោចណាស់ ១ភាគ៣ នៃផ្ទៃដីប៉ាគីស្ថាន ត្រូវបានលិចលង់ដោយទឹកជំនន់ ខណៈអ្នកជំនាញឧតុនិយមអះអាងថា បញ្ហានេះនឹងមិនធូរស្រាលទេ ព្រោះភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀត។ កត្តាជាច្រើនបានគួបផ្សំគ្នា ធ្វើឲ្យប្រទេសក្រីក្រមួយនេះ ធ្លាក់ខ្លួនជាប្រទេសងាយរងគ្រោះបំផុត ដោយបញ្ហាបម្រែបម្រួលអាកាសធាតុ។