ក្រុមអ្នកគាំទ្ររដ្ឋាភិបាលបានចេញញត្តិគាំទ្រគម្រោងព្រែកជីក«ហ្វូណនតេជោ»ទៅតាមការអំពាវនាវរបស់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន កាលពីយប់ថ្ងៃទី២៦ខែមេសា។ គឺជាការអំពាវនាវឲ្យប្រជាជនកម្ពុជារួមសាមគ្គីគ្នា សម្រេចឲ្យខាងតែបានគម្រោងស្តារព្រែកជាប្រវត្តិសាស្ត្រនេះ ខណៈពេលដែល លោក សម រង្ស៊ី ចេញមុខរិះគន់គម្រោងនេះ ដូចសហរដ្ឋអាមេរិក និងវៀតណាម ដែលធ្លាប់លើកឡើងថា គម្រោងនេះធ្វើឲ្យប៉ះពាល់បរិស្ថាន និងជាយុទ្ធសាស្ត្ររបស់ចិន។ អ្នកតាមដាននយោបាយខ្លះ បានចោទសួរថា តើលោក សម រង្ស៊ី ចេញមុខប្រឆាំងគម្រោងនេះ ជាសេណារីយូ ចង់រុញឲ្យគម្រោងនេះចេញកាន់តែឆាប់ឬយ៉ាងណា ខណៈវៀតណាមប៉ុនប៉ងរាំងខ្ទប់គម្រោងរបស់កម្ពុជា? ឬមួយ លោក សម រង្ស៊ី ប្រឆាំងមែនទែន?