ថ្ងៃទី៦មករា ២០២១ ថ្ងៃដែលសភាខុនហ្រ្កេសអាមេរិក ត្រូវអនុម័តទទួលស្គាល់ជ័យជំនះរបស់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្រុមអ្នកគាំទ្រលោកដូណាល់ ត្រាំ រាប់ពាន់នាក់ បានសំរុកចូលយ៉ាងកំរោលនិងហិង្សា ទៅក្នុងវិមានកាពីតូល។ ព្រឹត្តិការណ៍ដ៏ហិង្សានេះ បានធ្វើឲ្យរញ្ជួយស្ថាប័នប្រជាធិបតេយ្យអាមេរិក និងបានធ្វើឲ្យពិភពលោកស្រឡាំងកាំង ភ្ញាក់ផ្អើលជាខ្លាំង។ កាលពីថ្ងៃទី៩មិថុនា គណៈកម្មការសភាអាមេរិក ដែលទទួលបន្ទុកស៊ើបអង្កេតសំណុំរឿងនេះ បានធ្វើបទបង្ហាញជាសាធារណៈ ពីលទ្ធផលនៃការស៊ើបអង្កេតជាង១ឆ្នាំរបស់ខ្លួន ។ គណៈកម្មការសភាអាមេរិក បានសន្និដ្ឋានថា ព្រឹត្តិការណ៍ហិង្សាថ្ងៃទី៦មករា២០២១ គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំស្ថាប័នលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក ហើយមនុស្សម្នាក់ដែលជាមេញុះញង់ ជំរុញឲ្យកើតហេតុការណ៍នេះ គឺលោកដូណាល់ ត្រាំ។